John 21

ព្រះយេស៊ូបង្ហាញ​ខ្លួន​ដល់​សិស្ស​ប្រាំ​ពីរ​នាក់​

1ក្រោយពី​ហេតុការណ៍​ទាំងនេះ​ព្រះ​យេស៊ូ​បាន​បង្ហាញខ្លួនឲ្យ​ពួក​សិស្ស​របស់​ព្រះអង្គ​ឃើញម្ដងទៀតនៅ​បឹង​ទីបេរាសគឺ​ព្រះអង្គ​បាន​បង្ហាញ​ឲ្យ​ឃើញបែបយ៉ាងនេះ 2គឺពេល​លោក​ស៊ីម៉ូនពេត្រុស​លោក​ថូម៉ាសដែលហៅថាឌីឌីមលោកណាថាណែលដែលមកពី​ភូមិ​កាណា​ស្រុក​កាលីឡេកូនប្រុស​របស់​លោក​សេបេដេនិង​ពួក​សិស្ស​របស់​ព្រះអង្គពីរនាក់ទៀត​បាន​នៅជាមួយគ្នា 3ហើយនៅពេលនោះ​លោក​ស៊ីម៉ូនពេត្រុស​ក៏​ប្រាប់ពួកគេថា៖ ​«ខ្ញុំ​ទៅនេសាទត្រី» ​ពួកគេ​ក៏​ឆ្លើយថា៖ ​«យើងទៅជាមួយដែរ» ​ពួកគេ​ក៏​ចុះទូកទៅប៉ុន្តែនៅយប់នោះ​ពួកគេ​ចាប់មិនបាន​អ្វី​សោះ 4ពេលព្រឹកឡើង​ព្រះ​យេស៊ូ​បាន​ឈរនៅមាត់បឹងប៉ុន្តែ​ពួក​សិស្សមិនស្គាល់ថា​នោះ​ជា​ព្រះ​យេស៊ូទេ 5ព្រះអង្គមានបន្ទូល​ទៅ​ពួកគេថា៖ ​«កូនអើយ! ​តើ​មាន​បាន​ត្រី​ដែរ​ទេ?» ​ពួកគេ​ទូលឆ្លើយថា៖ ​«គ្មានទេ 6ដូច្នេះព្រះអង្គ​ក៏​មានបន្ទូល​ទៅ​ពួកគេថា៖ ​«ចូរ​ទម្លាក់អួនទៅខាងស្ដាំទូក​នោះ​ទើបចាប់​ត្រី​បាន!» ​ដូច្នេះ​ពួកគេ​ក៏​ធ្វើតាមប៉ុន្តែទាញមកវិញមិនរួចទេព្រោះ​ជាប់​ត្រីច្រើនពេក 7ពេលនោះសិស្សម្នាក់ដែល​ព្រះ​យេស៊ូស្រលាញ់​គាត់​និយាយ​ទៅ​លោក​ពេត្រុសថា៖ ​«នោះ​ជាព្រះអម្ចាស់​ទេតើ!» ​ពេល​លោក​ស៊ីម៉ូនពេត្រុស​បាន​ថាជាព្រះអម្ចាស់​គាត់​ក៏​យក​អាវក្រៅដណ្ដប់ខ្លួនលោតចុះទៅក្នុងបឹងព្រោះគាត់នៅខ្លួនទទេ 8រីឯពួក​សិស្សផ្សេងទៀតបានអុំទូកអូសអួនជាប់ត្រី​នោះ​មកច្រាំង​ដ្បិតនៅមិនឆ្ងាយទេគឺប្រហែលមួយរយម៉ែត្រប៉ុណ្ណោះ 9ពេលពួកគេ​បាន​ឡើងដល់ដីគោក​ពួកគេ​ក៏​ឃើញនំប៉័ងព្រមទាំងរងើកភ្លើង​ដែល​មានត្រីអាំងលើនោះ 10ព្រះយេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«ចូរ​យកត្រីខ្លះដែលទើប​នឹង​ចាប់​បាន​នោះ​មក 11លោកស៊ីម៉ូនពេត្រុស​ក៏​ឡើងមកទាញអួន​ដែល​មាន​ត្រីធំៗពេញ​ដាក់​លើគោក​គឺ​មាន​ត្រី​មួយរយហាសិបបី​ក្បាល​ហើយ​ទោះបី​ច្រើន​យ៉ាងនេះ​ក៏ដោយ​ក៏​អួនមិនធ្លាយដែរ 12ព្រះយេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«ចូរ​មកបរិភោគចុះ» ​ហើយគ្មានសិស្ស​ណា​ម្នាក់​ហ៊ានសួរព្រះអង្គថាតើលោកជា​អ្នក​ណាទេ? ​ព្រោះ​ពួកគេ​ដឹងហើយថានោះជាព្រះអម្ចាស់ 13ព្រះយេស៊ូ​ក៏​យាងទៅយកនំប៉័ងនិងត្រីប្រទាន​ឲ្យ​ពួកគេ 14នេះជា​លើក​ទីបីហើយ​ដែល​ព្រះ​យេស៊ូ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សិស្សឃើញ​ក្រោយពី​ព្រះអង្គ​រស់ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ

ព្រះយេស៊ូ​ជំរុញ​​លោកពេត្រុស​

15ពេលនោះក្រោយពេល​ពួកគេ​បរិភោគរួច​ព្រះ​យេស៊ូមានបន្ទូល​ទៅ​លោក​ស៊ីម៉ូនពេត្រុសថា៖ ​«ស៊ីម៉ូន​កូន​លោក​យ៉ូហានអើយ! ​តើ​អ្នក​ស្រលាញ់ខ្ញុំជាង​ពួក​អ្នក​ទាំងនេះ​ដែរ​ឬ​ទេ?» ​គាត់​ទូល​ឆ្លើយ​ថា៖ ​«បាទព្រះអម្ចាស់! ​ព្រះអង្គ​បាន​ដឹង​ហើយ​ថា​ខ្ញុំ​ស្រលាញ់ព្រះអង្គ»។ ​ព្រះយេស៊ូ​មានបន្ទូល​ទៅ​គាត់​វិញ​ថា៖ ​«ចូរ​ឲ្យ​ចំណី​ដល់​កូនចៀម​របស់​ខ្ញុំផង 16ព្រះអង្គមានបន្ទូល​ទៅ​គាត់​ជា​លើក​ទីពីរទៀតថា៖ ​«ស៊ីម៉ូន​កូន​លោក​យ៉ូហានអើយ! ​តើ​អ្នក​ស្រលាញ់ខ្ញុំ​ដែរ​ឬ​ទេ?» ​គាត់​ទូល​ឆ្លើយ​ថា៖ ​«បាទព្រះអម្ចាស់! ​ព្រះអង្គ​បាន​ដឹង​ហើយ​ថា​ខ្ញុំ​ស្រលាញ់ព្រះអង្គ»។ ​ព្រះអង្គ​មានបន្ទូល​ទៅ​គាត់​វិញ​ថា៖ ​«ចូរ​ថែទាំចៀម​របស់​ខ្ញុំផង 17ព្រះអង្គមានបន្ទូល​ទៅ​គាត់​ជា​លើក​ទីបីថា៖ ​«ស៊ីម៉ូន​កូន​លោក​យ៉ូហានអើយ! ​តើ​អ្នក​ស្រលាញ់ខ្ញុំ​ដែរ​ឬ​ទេ?» ​លោក​ពេត្រុស​បាន​ព្រួយចិត្ដព្រោះ​ព្រះអង្គ​មាន​បន្ទូល​សួរ​គាត់ដល់ទៅបីដងថា​តើ​អ្នក​ស្រលាញ់ខ្ញុំ​ដែរ​ឬ​ទេ? ​ដូច្នេះ​គាត់​ទូល​ឆ្លើយ​ទៅ​ព្រះអង្គថា៖ ​«ព្រះអម្ចាស់អើយ! ​ព្រះអង្គដឹង​គ្រប់ការ​ទាំងអស់​គឺ​ព្រះអង្គ​បាន​ដឹង​ហើយ​ថា​ខ្ញុំ​ស្រលាញ់ព្រះអង្គ»។ ​ព្រះ​យេស៊ូមានបន្ទូល​ទៅ​គាត់ថា៖ ​«ចូរ​ឲ្យ​ចំណី​ដល់​ចៀម​របស់​ខ្ញុំផង! 18ខ្ញុំប្រាប់អ្នក​ជា​ពិត​ប្រាកដថាពេល​អ្នក​នៅក្មេង​អ្នក​ស្លៀកពាក់ខ្លួនឯងហើយទៅណាតាមចិត្ដប៉ុន្តែពេល​អ្នក​ចាស់​អ្នក​នឹង​សន្ធឹងដៃ​របស់​អ្នកហើយម្នាក់ទៀត​នឹង​ស្លៀកពាក់​ឲ្យ​អ្នករួច​នាំ​អ្នកទៅកន្លែងដែល​អ្នក​មិន​ចង់​ទៅ»។ 19ព្រះអង្គមានបន្ទូលដូច្នេះ​គឺ​បង្ហាញអំពីរបៀបដែល​គាត់​នឹង​ត្រូវ​ស្លាប់​ដើម្បី​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះជាម្ចាស់។ ​កាល​ព្រះអង្គ​មានបន្ទូលដូច្នោះ​ហើយ​ព្រះអង្គ​ក៏​ប្រាប់គាត់ថា៖ ​«ចូរ​មក​តាម​ខ្ញុំចុះ!»។

កំណែ​​ដំណឹង​មិន​ពិត​

20ពេល​លោក​ពេត្រុសងាកក្រោយ​ក៏​ឃើញសិស្ស​ម្នាក់​ដែល​ព្រះ​យេស៊ូស្រលាញ់​នោះ​កំពុង​ដើរតាមដែរ។ ​សិស្ស​នោះ​ហើយ​ដែល​បាន​ផ្អែកលើព្រះឧិរារបស់ព្រះអង្គហើយ​បាន​ទូល​សួរ​ព្រះអង្គ​នៅក្នុងពេលអាហារល្ងាចថាព្រះអម្ចាស់អើយ! ​តើអ្នកក្បត់ព្រះអង្គជានរណា? 21ពេលលោក​ពេត្រុសឃើញ​អ្នក​នោះ​ក៏​ទូល​សួរ​ព្រះ​យេស៊ូថា៖ ​«ព្រះអម្ចាស់អើយ! ​តើ​អ្នក​នោះ​យ៉ាង​ដូចម្ដេច​ដែរ 22ព្រះយេស៊ូមានបន្ទូល​ទៅ​គាត់ថា៖ ​«បើ​ខ្ញុំ​ចង់​ឲ្យ​អ្នកនោះនៅរស់រហូតដល់​ខ្ញុំ​មក​វិញ​តើ​ទាក់ទង​អ្វីនឹងអ្នក? ​ចូរ​អ្នកមកតាមខ្ញុំចុះ 23ដូច្នេះពាក្យនោះ​ក៏​លេចឮក្នុងចំណោម​ពួក​បងប្អូនថាសិស្សនោះមិនស្លាប់ទេប៉ុន្តែ​ព្រះ​យេស៊ូមិន​បាន​មានបន្ទូលថាសិស្ស​នោះ​មិនស្លាប់ទេ​គឺ​គ្រាន់តែ​មានបន្ទូល​ប៉ុណ្ណោះ​ថា៖ ​«បើ​ខ្ញុំ​ចង់​ឲ្យ​អ្នកនោះនៅរស់រហូតដល់​ខ្ញុំ​មក​វិញ​តើ​ទាក់ទង​អ្វីនឹងអ្នក»។

សេចក្ដីបញ្ចប់​

24សិស្ស​នោះ​ហើយដែល​បាន​ធ្វើបន្ទាល់ពី​សេចក្ដី​ទាំងនេះហើយបាន​កត់ត្រា​រឿង​ទាំងនេះទុករីឯ​យើង​ក៏​ដឹងថា​សេចក្ដី​បន្ទាល់​របស់​គាត់ជាការពិត 25មានការច្រើនទៀតដែល​ព្រះ​យេស៊ូ​បាន​ធ្វើហើយបើកត់ត្រា​ឲ្យ​បាន​ល្អិតល្អន់​នោះ​ខ្ញុំ​យល់​ឃើញ​ថាពិភពលោកនេះគ្មានកន្លែង​ល្មម​សម្រាប់​ទុកសៀវភៅទាំងនោះទេ
Copyright information for KhmKCB